ការរីកផុសផុលនូវសកម្មភាពខូសផ្លេ ដោយវិញ សុជាតា និង ជា សឹង្ហតារាឬទ្ធិ
ភ្នំពេញ៖ នៅក្នុងសាលសន្និសិតមួយដែលស្ទើរតែគ្មានផ្លូវចេញចូល
ជាមួយនឹងសម្លេងហូរកញ្រ្ជៀវពីសំណាក់យុវជនយុវតីខ្មែរ និងបរទេស អបអរការសម្ពោធ ការសម្តែងសិល្បៈស្លៀកពាក់បែបតុក្កតាជប៉ុន
ដែលហៅថាខូសផ្លេ (Cosplay)
បានធ្វើឲ្យភាពអ៊ូអររបស់ទិវាមហោស្រពគីហ្សូណា
នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ទាំងស្រុងប្រមូលផ្តុំនៅកន្លែងតែមួយ។
ពាក្យខូសផ្លេ(cosplay)គឺជាការរួមបញ្ចូលរវាងពាក្យអង់គ្លេសពីរគឺ costumeដែលមានន័យថាសម្លៀកបំពាក់ និងplayដែលមានន័យថាការសំដែង។ សរុបមក ខូសផ្លេគឺជាការតែងខ្លួនឲ្យដូចតួអង្គក្នុងវីដេអូគំនូរជីវចល
សៀវភៅគំនូរជីវចល ឬល្បែងវីដេអូកំសាន្ត ពោលគឺតួអង្គប្រឌិតដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងកំសាន្ត។
ពំុមែនមានតែការស្លៀកពាក់ប៉ុន្នោះទេ ខូសផ្លេបានវិវត្តជាដោយមានការសម្តែងដូចជាការរាំ និងច្រៀងតាមតួអង្គដែលពួកគេតែងខ្លួនដូចនោះ។
ទោះបីជាខូសផ្លេបច្ចុប្បន្នច្រើនតែមាននៅប្រទេសជប៉ុនដែលពេញនិយមនឹងអានីមេ
និងម៉ាហ្កាក៏ពិតមែន ប៉ុន្តែដើមកំណើតរបស់ខូសផ្លេមិនមែននៅប្រទេសជប៉ុនទេ គឺនៅកម្មវិធីវើលខុន(WorldCon)ដែលជាកម្មវិធីមួយដែលមានសកម្មភាពកំសាន្តជាច្រើនរវាងអ្នកចូលរួមនិងជាវេទិការជួបជុំពិភាក្សាពីប្រធានបទចំរុះដែលទាក់ទងនឹងការកំសាន្ត។
ក្នុងចំណោមសកម្មភាពទាំងអស់នោះ ក៏មានការប្រកួតតុបតែងខ្លួនជាពិសេស។ នៅឆ្នាំ១៩៨៤ អ្នកយកពត៌មានជនជាតិជប៉ុនម្នាក់
បានប្រើពាក្យខូសផ្លេ(Cosplay)ដែលកម្លាយពីពាក្យអង់គ្លេសនេះ មកពណ៌នាអ្នកតុបតែងខ្លួនដូចតួអង្គប្រឌិតទាំងនោះ។
ក្រោយពីអ្នកយកពត៌មានជនជាតិជប៉ុននេះបានសរសេរអត្ថបទពីCosplay ការរីកដុះដាលរបស់Cosplayក្នុងចំណោមប្រជាជនជប៉ុនក៏កាន់តែរីកលូតលាស់។
រីឯCosplayដែលយើងឃើញបច្ចុប្បន្ននេះ ច្រើនតែមានជាការស្លៀកពាក់តាមតួអង្គតុក្កតាជប៉ុន ដែលនេះជាហេតុដែល មនុស្សជាច្រើនច្រឡំថាCosplayបានចាប់ផ្តើមមកពីប្រទេសជប៉ុន។
ដោយមានការគាំទ្រពីសំណាក់យុវជនខ្មែរដែលមានចំណូលចិត្តទៅលើតុក្កតាជប៉ុន
និងសៀវភៅគំនូរជីវចលជប៉ុន ដែលគេនិយមហៅថាអានីមេ និងម៉ាងហ្កានោះ សិល្បៈស្លៀកពាក់បែបតុក្កតាជប៉ុន (Cosplay) បានធ្វើឡើងនៅប្រទេសកម្ពុជាអស់រយៈពេលជាង១ឆ្នាំហើយមកដល់បច្ចុប្បន្ន
ដោយសរុបមានកម្មវិធីចំនួន៤
(៣ខែធ្វើម្តង់)។ កម្មវិធីCosplayនៅកម្ពុជាធ្វើឡើងដំបូងនៅខែកុម្ភៈ ឆ្នាំ២០១៣
ដែលមានការចូលរួមCosplayពីយុវវ័យខ្មែរតែប្រមាណ៥នាក់តែប៉ុន្នោះ
ប៉ុន្តែឥឡូវបានឡើងដល់ច្រើនជាង១០០នាក់ហើយ។
លោកNegibose Kondo ដែលជាអ្នករៀបចំកម្មវិធីខូសផ្លេនៅកម្ពុជាបានមានប្រសាសន៍ថា៖ «គោលបំណងនៃការរៀបចំកម្មវិធីCosplayទាំងនេះ គឺចង់ផ្សព្វផ្សាយវប្បធម៌ប្រទេសជប៉ុនដល់ប្រទេសណាដែលអត់សូវស្គាល់ពីប្រទេសជប៉ុន។» លោកបានបន្តទៀតថា ការប្រារព្ធកម្មវិធីទាំងនេះគឺមិនគិតពីលុយកាក់ទេ
គាត់ចង់ឲ្យកម្មវិធីCosplayទាំងនេះអាចមានទំនាក់ទំនងជាមួយមនុស្សផ្សេងៗនៅក្រៅប្រទេសក្នុងលក្ខណជាការសប្បាយ។
ចំពោះអ្នកសម្តែងCosplayបានលើកឡើងពីគុណសម្បត្តិរបស់វាថា
វាលើសពីការកំសាន្តនៅពេលទំនេរ ព្រោះពួកគាត់បានរៀនចេះរបៀបផាត់មុខ ក៏ដូចជាការតុបតែងខ្លួន
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺពួកគាត់បានរាប់អាចមិត្តភ័ក្តដែលមានចំនូលចិត្តដូចគ្នា។
យុវតីឡុង សូវណ្ណា ជានិស្សិតឆ្នាំទី៤
នៃវិទ្យាស្ថានភាសាបរទេស ហើយក៍ជាអ្នកសម្តែង Cosplay មួយរូបផងដែលនោះ បានចែករំលែកបទពិសោធន៍សម្តែងរបស់ខ្លួនថា
ដោយសារតែការគាំទ្រតុក្កតាជប៉ុន ច្រើនឆ្នាំមកហើយ កញ្ញាបានសំរេចចិត្តចូលសម្តែងក្នុងកម្មពិធី Cosplay Party 60th ដែលធ្វើឡើងនៅ ខែតុលា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ដែលជាកម្មវិធីCosplayទី២នៅកម្ពុជា។
កញ្ញាពិតជាស្រលាញ់សិល្បៈCosplayនេះណាស់ ប៉ុន្តែកញ្ញាក៏បានថ្អូញថ្អែរអំពីការរិះគុណពីមជ្ឈដ្ឋានមួយចំនួនដែលនិយាយថា
ការសម្តែងនេះធ្វើឲ្យខូចវប្បធម៌ខ្មែរ និងធ្វើឲ្យយុវជននិងយុវតីខ្មែរភ្លើតភ្លើនជាមួយនឹងការស្លៀកសំលៀកបំពាក់ស៊ិចស៊ីតាមជប៉ុននោះ។
កញ្ញាបានឆ្លើយតប់ទៅនឹងការរិះគុណនេះថា៖ «ពួកខ្ញុំមិនដែលតែងខ្លួនស៊ិចស៊ីម្តងណាទេ
ពួកខ្ញុំតែងតាមគេមែន ប៉ុន្តែមិនស៊ិចស៊ីដូចគេឡើយ ហើយវប្បធម៌ខ្មែរគឺពួកខ្ញុំរក្សាជានិច្ច
ការតែងខ្លួននេះគឺមកពីការស្រឡាញ់ និងគាំទ្ររបស់ពួកខ្ញុំប៉ុន្នោះ។»
ពុំមែនមានតែជនជាតិខ្មែរដែលជាអ្នកចូលរួមសម្តែងតែងខ្លួនបែបតុក្កតាជប៉ុននៅក្នុងកម្មវិធីនេះទេ
នៅក្នុងឆ្នាំនេះមានអ្នកចូលរួមសម្តែងបរទេសដែលមកពី៤ប្រទេសផ្សេងគ្នា មានដូចជា ប្រទេសថៃ
ប្រទេសមីយ៉ានម៉ា ប្រទេសវៀតណាម និង ប្រទេសម៉ាឡេស៊ី។
កញ្ញា Yuki Christy ជាអ្នកសម្តែង Cosplay ជនជាតិម៉ាឡេស៊ីដែលមានបទពិសោធន៍៥ឆ្នាំក្នុងការ Cosplayនេះ បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីCosplayនេះជាមួយនឹងទឹកមុខពោរពេញដោយភាពរីករាយថា «ខ្ញុំមានចំណង់ចំណូលចិត្តតែងខ្លួនបែបជប៉ុននេះពិព្រោះតែ
ខ្ញុំចង់ប្រែខ្លួនទៅជា តួអង្គក្នុងវីដីអូហ្គេមមួយដែលខ្ញុំកោតសរសើរ និងចូលចិត្តខ្លាំងបំផុត។» បន្ថែមពីលើចំណង់ចង់ក្លាយខ្លួនជាតួអង្គមួយដែលខ្លួនពេញចិត្ត
កញ្ញាសម្តែងជនជាតិថៃ Valxonia បានបន្ថែមថា កញ្ញាចង់ឲ្យតួអង្គតុក្កតាទាំងនោះមានជីវិតនៅពិភពខាងក្រៅ។
នៅប្រទេសកម្ពុជា ការធ្វើខូសផ្លេនេះមានប្រជាប្រិយភាពណាស់ក្នុងចំណោមជួរយុវវ័យ។
ជាក់ស្តែង យើងឃើញនៅបណ្តាញផ្សព្វផ្សាយសង្គមហ្វេសបុកមានក្រុមមួយដែលមានឈ្មោះថាKh Anime FanClub ដែលនៅក្នុងក្រុមនេះមានសមាជិកជាង៣ពាន់នាក់
ហើយសមាជិកទាំងអស់សុទ្ធតែជាយុវវ័យខ្មែរដែលមានចំណូលចិត្តទៅលើតុក្កតា និងសៀវភៅគំនូរជីវចលជប៉ុន។
ក្នុងចំណោមសមាជិកក្រុមនេះ មានប្រហែល១០០នាក់ប៉ុណ្ណោះដែលជាអ្នកសម្តែងCosplay ព្រោះការធ្វើCosplayត្រូវការចំណាយលុយ និងពេលវេលាទៅលើខោអាវ
ស្បែកជើង គ្រឿងតុបតែង និងសក់ពាក់ជាដើម ហើយពេលខ្លះសក់ពាក់ត្រូវកាត់ដោយខ្លួនឯងទៀតផង។
លោកកាំង យូរីកូ ដែលជាសិស្សថ្នាក់ទី១២នៃសាលាទួនហ្វា
បានបញ្ចេញមតិថា វាមិនមានការទាស់ខុសអ្វីទេដែលអ្នកសម្តែងCosplayទាំងនោះមានចំនូលចិត្តិរបស់គាត់ ប៉ុន្តែមិនត្រូវងប់ងល់ជ្រុលពេកទេ។
គាត់បានបន្តទៀតថា ទោះបីខ្ញុំគ្មានចំណាប់អារម្មណ៍ទៅលើCosplayក៏ដោយ ក៏ខ្ញុំយល់ថាវាមិនមែនជារឿងអាក្រក់អ្វីទេ
ព្រោះពួកគាត់អាចរៀនចំណេះ និងរាប់អាចមិត្តភ័ក្តទៀតផង។
ដោយក្រលេកមើលទៅប្រជាប្រិយភាពរបស់អានីមេ
និងម៉ាហ្កា លោកយល់ថាការធ្វើCosplayនេះនឹងអាចទទួលការគាំទ្រពីសំណាក់យុវវ័យកាន់តែច្រើនឡើងៗទៅថ្ងៃអនាគត
ហើយគាត់ក៏សប្បាយចិត្តនឹងរៀបចំកម្មវិធីCosplayបន្តទៀតដែរ។
Comments
Post a Comment